ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នាសាលាធម្មសភាវត្តព្រះវិហារធំ សសរ១០០ ក្នុងគោលបំណងរួមចំណែកលើកស្ទួយព្រះពុទ្ធសាសនា និងអភិរក្សប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។ វត្តនីមួយៗទទួលបានទានវស្សា ១គូ បច្ច័យ ៥០ម៉ឺនរៀល រួមជាមួយទឹកសុទ្ធ ៥កេស អង្ករ ៥០គីឡូ មី ១កេសធំ ទឹកផ្លែឈើ ភេសជ្ជៈកូឡា ទឹកត្រី ទឹកស៊ីអុីវ ត្រីខកំប៉ុង ស្ករស តែ និងធូប។
ពិធីប្រគេនទានវស្សាគឺជាប្រពៃណីដ៏សំខាន់មួយដែលប្រជាពុទ្ធបរិស័ទខ្មែរបានប្រតិបត្តិជាយូរលង់មកហើយ ដើម្បីសម្ដែងនូវសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា និងផ្គត់ផ្គង់សម្ភារៈចាំបាច់សម្រាប់ព្រះសង្ឃប្រើប្រាស់ក្នុងអំឡុងពេលគង់ចាំព្រះវស្សារយៈពេលបីខែ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ការប្រគេនទានវស្សា និងបច្ច័យ រួមទាំងការផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់សម្រាប់ព្រះសង្ឃ គឺជាការរួមចំណែកពង្រឹងវិស័យព្រះពុទ្ធសាសនា លើកកម្ពស់វប្បធម៌ ប្រពៃណី និងសាមគ្គីភាពនៅក្នុងសង្គមជាតិ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការរស់នៅប្រកបដោយសន្តិភាព សាមគ្គីភាព និងការអធ្យាស្រ័យទៅវិញទៅមក។ ការថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា គឺជាការចូលរួមថែរក្សាអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីរបស់ជាតិឱ្យបានគង់វង្ស។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ប្រគេនព្រះសង្ឃ និងជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសំបូរ ក៏ដូចជានៅទូទាំងខេត្តក្រចេះ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វិស័យព្រះពុទ្ធសាសនា ក៏ដូចជាវត្តអារាមនានា ទទួលបានការយកចិត្តទុកដាក់ និងការអភិវឌ្ឍជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យព្រះសង្ឃអាចបំពេញពុទ្ធកិច្ច ផ្សព្វផ្សាយព្រះធម៌ និងរួមចំណែកអប់រំសង្គមឱ្យកាន់តែមានសីលធម៌ និងភាពសុខដុមរមនា។ វត្តអារាមក៏ជាទីជម្រកសម្រាប់កូនអ្នកក្រីក្រដើម្បីស្នាក់នៅបន្តសិក្សារៀនសូត្រក្រេបចំណេះដឹងផងដែរ៕










No comments:
Post a Comment