រដ្ឋបាល​ខេត្ត​រតនគិរី​រៀបចំ​វេទិកា​ភាព​ជា​ដៃគូ​ជាមួយ​សង្គម​ស៊ីវិល​លើក​ទី​៧ ដើម្បី​ពង្រឹង​កិច្ច​សហការ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​ - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាល​ខេត្ត​រតនគិរី​រៀបចំ​វេទិកា​ភាព​ជា​ដៃគូ​ជាមួយ​សង្គម​ស៊ីវិល​លើក​ទី​៧ ដើម្បី​ពង្រឹង​កិច្ច​សហការ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​




ខេត្ត​រតនគិរី​៖ លោក វ៉ាន់ សោភា អភិបាលរង​ខេត្ត​រតនគិរី បាន​លើកឡើង​ថា វេទិកា​ថ្នាក់​ខេត្ត​ស្តីពី​កិច្ចសន្ទនា ពិគ្រោះ​យោបល់ និង​ភាព​ជា​ដៃគូ រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា មិនមែន​រៀបចំឡើង​ដើម្បី​ចាប់កំហុស ឬ​បង្កើន​ជម្លោះ​រវាង​មន្ត្រីរាជការ​រដ្ឋបាល និង​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ ប៉ុន្តែ​ធ្វើឡើង​ក្នុង​គោលបំណង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើតមាន​នៅ​មូលដ្ឋាន​។​
​ការលើកឡើង​បែប​នេះ បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកា​ថ្នាក់​ខេត្ត ស្តី​ពី​កិច្ចសន្ទនា ពិគ្រោះ​យោបល់ និង​ភាព​ជា​ដៃគូ រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា ដែល​រៀបចំ​ដោយ​រដ្ឋបាល​ខេត្ត​រតនគិរី នៅ​សាលប្រជុំ​អគារ A សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៦​។​
​ពិធី​នេះ មាន​ការចូលរួម​ពី​លោក​ស្នងការរង លោក​មេបញ្ជាការរង លោក​នាយករង​រដ្ឋបាល លោក ប៉ិច យ៉េត តំណាង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​រតនគិរី ព្រមទាំង​លោក​-​លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាល​-​អភិបាលរង​ក្រុង​ស្រុក អធិការ​-​អធិការរង មេបញ្ជាការ​-​មេបញ្ជាការរង​ថ្នាក់ក្រុង​ស្រុក មេឃុំ​-​ចៅសង្កាត់ តំណាង​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍ សហជីព និង​អ្នកសារព័ត៌មាន​ជាច្រើនរូប​ទៀត​។​
​លោក វ៉ាន់ សោភា បានបញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំ រដ្ឋបាល​ខេត្ត​រៀបចំ​វេទិកា​នេះ​ចំនួន​២​ដង ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ហើយ​ឆ្នាំ​នេះ គឺជា​វេទិកា​លើក​ទី​៧ ដែល​រដ្ឋបាល​ខេត្ត​រតនគិរី សហការ​ជាមួយ​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល រៀបចំឡើង​។​
​លោក​បន្តថា វេទិកា​នេះ មិន​ត្រឹមតែ​ផ្តោត​លើ​ការដោះស្រាយ​បញ្ហា​ប្រឈម​រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយសារ​មាន​ការពាក់ព័ន្ធ​ជាមួយ​ក្រុម​ផ្សេងៗ​ទៀត ទើប​រដ្ឋបាល​ខេត្ត​អញ្ជើញ​សមាសភាព​បន្ថែម រួមមាន សហជីព សហគមន៍ អ្នកសារព័ត៌មាន និង​វិស័យ​ឯកជន មក​ចូលរួម​ផងដែរ ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​ជា​ប្រយោជន៍​រួម​ដល់​សហគមន៍ និង​ការអភិវឌ្ឍ​ខេត្តរតនគិរី​ទាំងមូល​។​
​អភិបាលរង​ខេត្ត​រូបនេះ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ឱ្យ​សហការ​ល្អ​ជាមួយ​សង្គម​ស៊ីវិល ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន មិន​ត្រូវ​បុរេវិនិច្ឆ័យ មុន​រកឃើញ​ការពិត និង​ត្រូវ​ប្រកាន់​ទស្សនៈ​កណ្តាល​ដោយ​មិន​រើសអើង​។​
​ជាមួយគ្នានេះ លោក​ក៏​បាន​ស្នើ​ដល់​អង្គការ សមាគម សហគមន៍ សហជីព និង​អ្នកសារព័ត៌មាន ត្រូវ​គោរព​ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​របស់​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន ជៀសវាង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​។ លោក​ក៏​បាន​ណែនាំ​ថា រាល់​ការលើកឡើង​ក្នុង​វេទិកា គួរ​ជៀសវាង​ការប្រើ​ឈ្មោះ​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​ដោយ​ផ្ទាល់ ដើម្បី​កុំឱ្យ​កើត​មាន​ភាព​ថ្នាំងថ្នាក់​កាន់តែខ្លាំង​។​
​លោក​បញ្ជាក់ថា វេទិកា​នេះ មិនមែន​ជា​កន្លែង​ដោះស្រាយ​បទល្មើស ឬ​បញ្ហា​ជាក់លាក់​នៅ​មូលដ្ឋាន​នោះទេ ប៉ុន្តែ​ផ្តោតលើ​ការពិភាក្សា​អំពី​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​អង្គការ សមាគម សហគមន៍ សហជីព និង​វិស័យ​សារព័ត៌មាន ក្នុង​ការបំពេញ​ការងា​រ​ជាមួយ​មន្ត្រី​រាជការ​នៅ​មូលដ្ឋាន ឬ​មាន​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​៕ដោយ ហេង ប៊ុនឡាំង












No comments:

Post a Comment

Pages