រដ្ឋបាលខេត្តកំពង់ធំ របៀបចំកិច្ចប្រជុំពិភាក្សាលើប្រធានបទ «ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ» - សារព័ត៌មាន អ័រ សុីអិន ធីវី អនឡាញ
សូមស្វាគមន៍ www.rathacheanewstvonline.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលខេត្តកំពង់ធំ របៀបចំកិច្ចប្រជុំពិភាក្សាលើប្រធានបទ «ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ»




(កំពង់ធំ)៖ ឯកឧត្តម ព្រឹម រដ្ឋា ឯកឧត្តម ងួន រាសី ឯកឧត្តម ជា វ៉ាន់ចាន ឯកឧត្តម ហ៊ីម លីម៉េង និងឯកឧត្តម ហាន កុសល ដែលជាអភិបាលរងខេត្តកំពង់ធំ បានអញ្ចើញបើកកិច្ចប្រជុំពិភាក្សាលើប្រធានបទ «ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ» សម្រាប់សន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកំពង់ធំ នៅសាលប្រជុំប្រាសាទតោ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុង ស្រុក  និងសភាពពាណិជ្ជកម្មកំពង់ធំ-ព្រះវិហារ ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ព្រឹម រដ្ឋា បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន គឺជាកត្តាសំខាន់សម្រាប់ការបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាតិ ដែលមានចក្ខុវិស័យកសាងសង្គមឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព។ ដោយរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើនគុណភាពជីវិតប្រជាជន និងកាត់បន្ថយភាពក្រីក្រ ដែលជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយការចំណាកស្រុក ។

ដើម្បីឆ្លើយតបទៅតម្រូវការរបស់រាជរដ្ឋាភិបាលនេះ ឯកឧត្តម ក៏បានលើកយកនូវវិស័យចំនួន ៧ ដាក់ជួនអង្គប្រជុំធ្វើការពិភាក្សា ស្វែករកនូវបញ្ហាប្រឈម ព្រមទាំងដំណោះស្រាយ ក្នុងការដំណត់ទិសដៅឱ្យបានច្បាស់លាស់ សម្រាប់ដាក់បញ្ចូលក្នុងសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃខាងមុខនេះ រួមមាន ទី១. ពង្រឹងវិស័យកសិកម្ម និងឧស្សាហកម្ម ទី២. អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ទី៣.អភិវឌ្ឍវិស័យទេសចរណ៍ និងសេវាកម្ម ទី៤. ពង្រឹងហេដ្ឋរចនាសម្ព័ន្ធ និងបរិយាកាសវិនិយោគ ទី៥. អភិវឌ្ឍធនធានមនុស្ស និងយុវជន ទី៦. ការចូលរួមពីសហគមន៍ និងការគ្រប់គ្រងល្អ និងទី៧. គឺគម្រោងបង្កើតតំបន់កសិឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ខេត្តកំពង់ធំ ។

ឯកឧត្តម ក៏បានជំរុញឲ្យថ្នាក់ដឹកនាំនៃមន្ទីរ-អង្គភាពនីមួយៗ ធ្វើការពិភាក្សា និងពិនិត្យលើបញ្ហាប្រឈមនានា ក្នុងប្រធានបទខាងលើ ដើម្បីកត់ត្រាដាក់ចូលបញ្ចូលក្នុងសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៦ របស់ខេត្ត ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្ត និងបានដាក់ចេញនូវ ផែនការសំខាន់ៗមួយចំនួន ជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន។ អត្ថបទដោយ សូរហ៊ាន សំអាង.ពិនិត្យដោយអ៊ុមញឹប។



























No comments:

Post a Comment

Pages