លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ មួយខ្សែដែលមានប្រវែង ២០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិតាព្រៃ ឃុំត្រដក់ពង ភូមិពង្រ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ការដ្ឋានសាងសង់ផ្លូវអាមេមួយខ្សែនេះ គឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដែលបានប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ សម្រាប់ប្រចាំឆ្នាំ២០២៦។ គម្រោងនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាព និងសម្រួលដល់ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងមានសុវត្ថិភាពជាងមុន។ថ្លែងនៅក្នុងពិធីនោះដែរ លោកអភិបាលស្រុក បានគូសបញ្ជាក់ថា សមិទ្ធផលផ្លូវអាមេមួយខ្សែនាពេលនេះ គឺជាកញ្ចប់ថវិកាមូលនិធិឃុំ ដែលរាជរដ្ឋាភិបាលតែងតែបានផ្តល់ និងទម្លាក់មកឱ្យរដ្ឋបាលឃុំជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ទន្ទឹមនឹងនេះ លោកអភិបាលស្រុក ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ជាមួយគ្នានោះដែរ លោកអភិបាលស្រុក ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ឃុំពង្រទៅលើហេដ្ឋារចនាសម្ព័ន្ធ ពិសេសថ្មីៗនេះឃុំពង្រទទួលរង្វាន់ជ័យលាភីនៃការប្រលងប្រណាំង«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦ សមិទ្ធផលនេះបានមកពីបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ ព្រះសង្ឃ ចូលរួមយ៉ាងសកម្មក្នុងការរៀបចំភូមិ ឃុំរបស់ខ្លួនដែលនៅតាមបណ្តោយផ្លូវឱ្យមានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត ព្រមបានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបាននូវភាពស្អាត ភាពបៃតង និងការរស់នៅដោយចីរភាព។
ជាទីបញ្ចប់ លោកអភិបាលស្រុក បានផ្តាំផ្ញើដល់ក្រុមបច្ចេកទេស និងក្រុមហ៊ុនម៉ៅការ ត្រូវយកចិត្តទុកដាក់សាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង ព្រមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសមិទ្ធផលផ្លូវថ្មីនេះ ឱ្យបានគង់វង្ស។

























No comments:
Post a Comment