ខេត្តស្វាយរៀង÷ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១០ ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះសាកសួរព័ត៌មានជនសង្ស័យចំនួន ០៣នាក់ ដែលសមត្ថកិច្ចវៀតណាមឃាត់ខ្លួនបាន ក្នុងទឹកដីវៀតណាម ក្រោយពីប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ (សម្លាប់ប្លន់យកទ្រព្យសម្បត្តិ) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្ទះលក់ចាប់ហួយយីហោ សំ ហាក់ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងឳកាសនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង លោក Tran Quoc Coung ប្រធានពន្ធនាគារ T17 ទីក្រុងហូជីមិញ ប្រទេសវៀតណាម តំណាងតុលាការជាន់ខ្ពស់វៀតណាម និងតំណាងការិយាល័យ AC5 ប្រចាំកម្ពុជា ព្រមទាំងសហការី។
បន្ទាប់មកពី សមត្ថកិច្ចនគរបាលវៀតណាម បានអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលយើង បានសាកសួរជនសង្ស័យចំនួន ០៣នាក់ ភេទប្រុស ជនជាតិវៀតណាម រួមមាន÷
១-ឈ្មោះ ឡេ តាន់ប៊ូវ (Le Tan Buu) ហៅគឿង
២-ឈ្មោះ ង្វៀង ថេយូ (Nguyen The Du) ហៅអ៊ុក
៣-ឈ្មោះ ឡេ ថាញ់ហ្វុក (Le Thanh Phuc) ហៅហ្វុក នៅក្នុងពន្ធនាគារ T17 ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសក្រោយពីប្រព្រឹត្តបទល្មើសរួច ដើម្បីបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ។
បន្ទាប់មក ក្រុមការងារបានបន្តជួបសំណេះសំណាល និងប្រាស្រ័យទាក់ទងការងារផ្លាស់ប្ដូរព័ត៌មានជាមួយនគរបាលទីក្រុងហូជីមិញ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ Mai Hoang នាយកនគរបាលទីក្រុងហូជីមិញ នៅសណ្ឋាគារ Rex Hotel Saigon និងជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ដំណើរនិវត្តន៍របស់ប្រតិភូនគរបាលខេត្តស្វាយរៀង ជាមួយនគរបាលខេត្តតៃនិញ ដឹកនាំលោកវរសេនីយ៍ឯក Nguyen Quoc Toan នាយករងនគរបាលខេត្តតៃនិញ។


















No comments:
Post a Comment