ខេត្តកណ្ដាល៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការព្រមានជាសាធារណៈតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានទិញផលិតផលរបស់ក្រុមហ៊ុន TSP ហើយមិនទាន់បានប្រើប្រាស់ សូមបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ និងបញ្ឈប់ការលក់បន្ត ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធបានរកឃើញនូវភាពមិនប្រក្រតីជាច្រើន ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ រួមមានការបកស្លាកព័ត៌មាន និងកាលបរិច្ឆេទផុតកំណត់ចេញ រួចដាក់ស្លាកកាលបរិច្ឆេទថ្មីជំនួស ការរក្សាទុកទំនិញខុសលក្ខណៈបច្ចេកទេស ការមិនបើកប្រព័ន្ធត្រជាក់សម្រាប់ទូស្តុកផលិតផល និងការទុកដាក់ទំនិញដែលមិនមានប្រភពដើមច្បាស់លាស់ជាដើម។
ប្រជាពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះសកម្មភាពបែបនេះមិនត្រឹមតែជាការរំលោភសិទ្ធិអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែអាចប៉ះពាល់ដោយផ្ទាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ។ មហាជនក៏បានស្នើឱ្យស្ថាប័នជំនាញបន្តស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះជន ឬក្រុមហ៊ុនណាដែលប្រព្រឹត្តអំពើបោកបញ្ឆោតអ្នកប្រើប្រាស់។
ការចេញមុខព្រមានរបស់អភិបាលខេត្តកណ្ដាល ត្រូវបានមើលឃើញថា ជាវិធានការដ៏ទាន់ពេលវេលាមួយ ដើម្បីការពារផលប្រយោជន៍សាធារណៈ និងលើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យសុវត្ថិភាពចំណីអាហារ និងផលិតផលប្រើប្រាស់។ ជាមួយគ្នានេះ មហាជនក៏អំពាវនាវឱ្យអ្នកប្រើប្រាស់ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ពិនិត្យប្រភពទំនិញ និងកាលបរិច្ឆេទប្រើប្រាស់ឱ្យបានច្បាស់លាស់ មុននឹងសម្រេចទិញ ឬប្រើប្រាស់ផលិតផលណាមួយ។
សុខភាពប្រជាពលរដ្ឋ មិនមែនជាមុខទំនិញសម្រាប់លេងសើច ឬបោកបញ្ឆោតដើម្បីប្រាក់ចំណេញនោះទេ។ អ្នកដែលហ៊ានយកទំនុកចិត្តរបស់អ្នកប្រើប្រាស់មកធ្វើជាអាជីវកម្មខុសច្បាប់ គួរតែទទួលខុសត្រូវចំពោះមុខច្បាប់ឱ្យបានតឹងរ៉ឹងបំផុត៕ដោយ ហង្ស ចាន់រិទ្ធីស័ក្ត













No comments:
Post a Comment