ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៦ នេះ លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ដល់ថ្នាំជីវជាតិ (វីតាមីនអា) និងថ្នាំទម្លាក់សត្វល្អិត (ថ្នាំព្រូន) ជូនដល់កុមារមកពីភូមិចំនួន ៣ រួមមាន៖ ភូមិអូរគ្រូកែ ភូមិជាយសំពៅ និងភូមិអាត់ស៊ូ ក្នុងឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
កម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់នេះ ត្រូវបានសហការរៀបចំឡើងដោយ អង្គការធ្វើឲ្យប្រសើរឡើង ផ្ទាល់ជាមួយមណ្ឌលសុខភាពសំបូរ និងរដ្ឋបាលឃុំសំបូរណ៍ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពកុមារ កាត់បន្ថយអត្រាជំងឺកង្វះជីវជាតិ និងទប់ស្កាត់ជំងឺផ្សេងៗ ដើម្បីឱ្យកុមារក្នុងសហគមន៍មានការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីបានល្អប្រសើរ។
«អនាម័យស្អាត នាំមកនូវសុខភាពល្អ ហើយអាចប្រកបរបរចិញ្ចឹមជីវិតបានដោយរលូន»
ក្នុងឱកាសសំណេះសំណាលដ៏ស្និទ្ធស្នាលជាមួយអាណាព្យាបាល និងសិស្សានុសិស្ស លោក ឃីម សុខឃាង បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ និងបានលើកទឹកចិត្តយ៉ាងមុតមាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យចូលរួមសហការសម្អាតអនាម័យ និងបរិស្ថាន ទៅតាមផ្ទះសម្បែងរៀងៗខ្លួន ក៏ដូចជាចូលរួមសម្អាតតាមដងផ្លូវសាធារណៈផងដែរ។ លោកអភិបាលស្រុកបានគូសបញ្ជាក់ថា ការរស់នៅស្អាត ផឹកស្អាត ហូបស្អាត គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងគ្រួសារ និងសហគមន៍មួយដែលមានសុភមង្គល និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕















No comments:
Post a Comment