កំពង់ឆ្នាំង ៖ ថ្ងៃទី១២ មិថុនា ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមជាមួយ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពិធីបើកការដ្ឋានការងារជួសជុល និងស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ ខ្សែ មានប្រវែង ៥,៧៥ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ ព្រមទាំងស្ថាបនាស្ពានបេតុងចំនួន ១ កន្លែង មានប្រវែង ១៨ ម៉ែត្រ និងសំណង់សិល្បការ្យនានា ស្ថិតក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ផ្លូវ និងស្ពាននៅថ្ងៃនេះ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាអាទិភាព។ រាជរដ្ឋាភិបា លមិនផ្តោតតែការអភិវឌ្ឍនៅទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែបានបន្តពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់ទីកន្លែងទទួលបានសមិទ្ធផលជាច្រើនដែលជាក្តីសង្ឃឹមក្នុងការកសាងជីវភាពប្រចាំថ្ងៃ ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ផ្លូវមួយខ្សែ និងស្ពានមួយកន្លែងនេះ មិនមែនគ្រាន់តែជាសំណង់ប៉ុណ្ណោះទេ ប៉ុន្តែជាសរសៃឈាមសេដ្ឋកិច្ចដែលនឹងជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ការប្រកបរបរចិញ្ចឹមជីវិត និងការទទួលបានសេវាអប់រំ និងសុខាភិបាលរបស់ប្រជាពលរដ្ឋ។ នេះជាសមិទ្ធិផលដែលកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិពីទីក្រុងរហូតដល់ទីជនបទ៕ ប្រភព ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង
ដោយ សុះ រំលី












No comments:
Post a Comment