ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីរាជការរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរឃុំ-ភូមិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ៣០០ នាក់។
យោងតាមរបាយការណ៍របស់លោក ទួន ឆេន មេឃុំសំបូរណ៍ បានឱ្យដឹងថា៖ ស្ពានបេតុងនេះមានប្រវែង ១៥ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងកម្ពស់ ៣ ម៉ែត្រ ចាប់ផ្តើមសាងសង់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៥ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ ចំណាយអស់ថវិកាសរុបចំនួន ៤២០,០០០,០០០ រៀល ដែលជាថវិកាមូលនិធិឃុំ ឆ្នាំ២០២៥។ ស្ពាននេះនឹងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ០៨ ភូមិ ស្មើនឹង ១,៣២៨ គ្រួសារ (ប្រជាពលរដ្ឋសរុប ៦,២២៧ នាក់ ស្រី ៣,១២៨ នាក់) ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។
ក្នុងឱកាសដ៏រំភើបរីករាយនេះ លោក ឃីម សុខឃាង បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកអភិបាលបានសង្កត់ធ្ងន់ថា៖"រាល់សមិទ្ធផលថ្មីៗដែលកើតមានឡើង ដូចជា ស្ពាន ផ្លូវកៅស៊ូ និងសាលារៀន គឺជាផ្លែផ្កានៃសន្តិភាព និងជាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងគោលបំណងបម្រើ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។"
ទន្ទឹមនឹងការអបអរសាទរសមិទ្ធផលថ្មី លោកអភិបាលស្រុកក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់ប្រជាពលរដ្ឋ រួមមាន៖១- ត្រូវរួមគ្នាដាំដើមឈើ និងសម្អាតអនាម័យក្នុងគ្រួសារ ក៏ដូចជាមូលដ្ឋានឱ្យបានស្អាតជានិច្ច។២- ត្រូវជំរុញ និងលើកទឹកចិត្តកូនចៅឱ្យបានរៀនសូត្របានខ្ពង់ខ្ពស់ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ។ ៣- ត្រូវមានសេចក្តីស្មោះត្រង់ រក្សាសាមគ្គីភាព ចេះស្រឡាញ់គ្នាពិតប្រាកដ និងដាច់ខាតមិនត្រូវប្រើអំពើហិង្សាក្នុងគ្រួសារ។ ៤- ត្រូវចេះគ្រប់គ្រងពេលវេលាឱ្យមានប្រយោជន៍ និងមានវិន័យក្នុងការរស់នៅ។
មុននិងបញ្ចប់ លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកបានសង្កត់ធ្ងន់ជាសារដាស់តឿនថា៖ "សត្រូវធំបំផុតរបស់យើងគឺ អវិជ្ជា (ការខ្វះចំណេះដឹង) ភាពខ្ជិលច្រអូស និងការមិនម្ចាស់ការលើខ្លួនឯង។ ដូច្នេះ បងប្អូនត្រូវខិតខំរៀនសូត្រ និងចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ដើម្បីកសាងអនាគតដ៏រុងរឿង"៕


No comments:
Post a Comment