(កំពង់ធំ)÷ អភិបាលស្រុកស្ទោងជំរុញដល់លោកអាចារ្យ គណៈកម្មការ និងគ្រូចៅអធិការវត្តត្រូវធ្វើផែនការ និងប្លង់មេឱ្យបានច្បាស់លាស់សម្រាប់អភិវឌ្ឍវត្តប្រកបដោយរចនាសម្ព័ន្ធ និងសោភ័ណភាព លោក សាយ គឹមឡម បានធ្វើការណែនាំនេះក្នុងឱកាសដែលលោក និងសហការីអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់នូវឧបដ្ឋានសាលា និងស្រះទឹកនៅក្នុងវត្តបន្ទាយស្ទោង ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៦។
ជាមួយគ្នានេះលោកបានកោតសើរខ្ពស់នូវស្មារតីរួបរួមសាមគ្គីសហការគ្នា លះបង់អស់ពីកម្លាំងកាយចិត្ត និងទ្រព្យធន របស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ជាពិសេសព្រះគ្រូចៅអធិការលោកអាចារ្យ គណៈកម្មការដែលបានដឹកនាំដែលកសាងបាននូវសមិទ្ធផលមិនអាចកាត់ថ្លៃបានទុកជាសម្បត្តិរួមនៅក្នុងវត្តនិងពុទ្ធសាសនាជាពិសេស អាចប្រើប្រាស់បានយ៉ាងទូលំទូលាយនិងតាមតម្រូវការយ៉ាងជាក់ស្ដែងបំផុតហើយបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងប្រទេសជាតិ។
ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោងបានណែនាំដល់ ផ្ញាធរមូលដ្ឋានជាពិសេសឪពុកម្ដាយអាណាព្យាបាលត្រូវធ្វើការអប់រំណែនាំបុត្តធីតារបស់ខ្លួនឱ្យបានប្រកបដោយគន្លងធម៌ ព្រមទាំងបញ្ជូនទៅសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់រហូតដល់សាលាវិជ្ជាជីវៈជីវៈឬសាកលវិទ្យាល័យ តាមបរិបទនៃវិទ្យាសាស្រ្ត និងសង្គមឌីជីថលថែមទៀតផង ព្រោះមានតែចំណេះវិជ្ជាទេដែលអាចធ្វើការផ្លាស់ប្ដូរនិងកំណត់ជោគវាសនាអនាគតរបស់យើងម្នាក់ៗឱ្យបានល្អប្រសើរឡើង។
លើសពីនេះលោកបានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងឃុំបន្ទាយស្ទោងដែលបានទទួលនូវសមិទ្ធផល និងការអភិវឌ្ឍដ៏អស្ចារ្យពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបន្ទាយស្ទោង កំពុងបន្តកសាងបន្ថែមជាពិសេសទំនប់ស្ទាក់ទឹកស្ទឹងស្ទោងដែលនឹងដែលកំពុងដំណើរការសាងសង់ ដែលនឹងជួយបង្កើនជីវភាពពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោង និងឃុំផ្សេងៗក៏ដូចជាស្រុកស្ទោងឱ្យកាន់តែប្រសើរឡើងថែមទៀត។
ជាចុងបញ្ចប់លោក បានអំពាវនាវដល់យុវជនត្រូវកម្សាន្តសប្បាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយ ទំនួលខុសត្រូវ ព្រមទាំងបើកបរបញ្ជាយានយន្តដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយគោរពច្បាប់ចរាចរណ៍ និងមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់។
សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរលោក សាយ គឹមឡម និងសហការីបានចូលរួមបុណ្យនូវបច្ច័យចំនួន១,២០០,០០០រៀល ហើយស្រះទឹកនេះមានទំហំ៤០ម៉ែត្របួនជ្រុងជា ធ្វើរួមរបស់ពុទ្ធបរិស័ទ ចំណែកឧបដ្ឋានសាលា មានទំហំ១០ ម៉ែត្រគុណ១៣ម៉ែត្រ ជាអំណោយដ៏ថ្លៃ លោកថាំង វីយុទ្ធដា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង។ អត្ថបទ រដ្ឋបាលស្រុកស្ទោង




















No comments:
Post a Comment