រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អ្នកភូមិព្រៃចាន់ចំនួន២៧០គ្រួសារមិនអាចទៅកាន់លំនៅឋានវិញបាន ដោយសារកម្លាំងយោធាថៃដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូល ក្រោយអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ការចូលបំពានលើអធិបតេយ្យភាពកម្ពុជានេះ បានធ្វើឱ្យអ្នកភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រត់ជម្លៀសទៅកាន់មណ្ឌលសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំនៅតាមទីវត្តអារាមនានានៅក្នុងខេត្ត។ លំនៅឋាន វត្តអារាម និងសំណង់សាធារណៈនានា ត្រូវបានបំផ្លាញគ្មានសល់ដោយកម្លាំងយោធាថៃ។
ស្ត្រីវ័យ៧៨ឆ្នាំ ឈ្មោះ អូម ឡាង ដែលមានផ្ទះនៅភូមិព្រៃចាន់ បានបន្តស្នាក់នៅមណ្ឌលសុវត្ថិភាព ស្ថិតនៅវត្តសមិទ្ធិមុនីសាភ័ណ ហៅ វត្តស្វាយថ្មី ស្ថិតក្នុងក្រុងសិរីសោភ័ណ្ឌ ខណៈផ្ទះសម្បែងរងការបំផ្លិចបំផ្លាញគ្មានសល់ និងមិនអាចវិលទៅដីលំនៅឋានវិញ ដោយសារការហ៊ុមព័ទ្ធពីសំណាក់កម្លាំងយោធាថៃ ដែលកំពុងឈរជើងនៅភូមិព្រៃចាន់។ ស្ត្រីមានវ័យចំណាស់រូបនេះ បានឱ្យដឹងថា រូបគាត់ និងក្រុមគ្រួសារមិនអាចវិលទៅភូមិឋានវិញបាននោះទេ ដោយសារផ្ទះសម្បែងរបស់ខ្លួន ត្រូវឆេះអស់ គ្មានសល់ ពីការទម្លាក់គ្រាប់ និងផ្លោងគ្រាប់របស់យោធាថៃ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
កម្ពុជា ដែលតវ៉ចំពោះការរំលោភបំពានរបស់ថៃ គឺក្នុងអំឡុង ពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកជាមុន និងជាប្រព័ន្ធលើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្ដែងលើតំបន់នានាយ៉ាងជាក់ច្បាស់ ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួន៤រួមមានដូចជា៖ ខេត្តបន្ទាយមានជ័យមានភូមិព្រៃចាន់ ភូមិជោគជ័យ តំបន់បឹងត្រកួន(មាន៤ភូមិ), ខេត្តពោធិ៍សាត់ មានតំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ), ខេត្តព្រះវិហារមានតំបន់អានសេះ, តំបន់ភ្នំទ្រព្យ,
ខេត្តឧត្តរមានជ័យ មានតំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស៕



















No comments:
Post a Comment